Wednesday, July 12, 2017

របៀបសរសេរ​តែងសេចក្តី

Posted by Unknown  |  at  7:52 AM No comments



តែងសេចក្តី គឺជាបណ្តុំនៃកថាខណ្ឌគាំទ្រគំនិតសំខាន់តែមួយ។ វាប្រៀបដូចជាការធ្វើជំនួញដោយចែកចេញជា៣ដំណាក់កាលគឺ ផ្សព្វផ្សាយផលិតផល(សេចក្តីផ្តើម) បង្ហាញផលិតផល(តួសេចក្តី) និងសរុបបទបង្ហាញ បញ្ចេញការយល់ឃើញនៃផលិតផល(សេចក្តីបញ្ចប់) ដោយបង្ហាញចេញនូវគោលបំណងរួមមួយគឺចំណេញ(ប្រធានបទ)។ តែងសេចក្តីត្រូវបានគេចែកចេញ ជាបីផ្នែកដែរ គឺ សេចក្តីផ្តើម តួសេចក្តី និងសេចក្តីបញ្ចប់ ហើយដែល ផ្នែកនីមួយៗភ្ជាប់គ្នាដោយ   ឃ្លាភ្ជាប់សេចក្តី 

១.សេចក្តីផ្តើម

ជំនួញដែលរកចំណេញបានច្រើនឬក៍រលូនទៅបានអាស្រ័យលើការចាប់ផ្តើម នៃការផ្សព្វផ្សាយបង្ហាញអតិថិជនឱ្យមានការចាប់អារម្មណ៍ ដោយឡែកការធ្វើតែងសេចក្តីក៍ដូច្នេះដែរ ។ បើយើង ធ្វើសេចក្តីផ្តើមបានល្អ អាចធ្វើអោយអ្នកអាន ឬ អ្នកកែ ចង់អាន ចង់តាមដានកិច្ច ការយើងជាបន្តទៀត តែបើយើងធ្វើមិនបានល្អទេ យើងក៍គ្មាន សមត្ថភាពទាក់ទាញអារម្មណ៍អ្នកទាំងនោះអោយចង់អានឬតាមដាន កិច្ចការយើងតទៅទៀតដែរ ហើយគេអាចវាយតំលៃលើ សមត្ថភាព សំនេរទាំងមូលរបស់យើង បានដោយពុំចាំបាច់ចំណាយពេលវេលា អានឬមើលតទៅទៀត។
  • ផ្តើមសេចក្តីមានគោលបំណង៤យ៉ាងគឺ៖
    • បង្ហាញប្រធានបទរបស់តែងសេចក្តី
    • ផ្តល់គំនិតទូទៅដែលទាក់ទងនឹងប្រធានបទ
    • ជាការបញ្ជាក់ប្លង់សរុបនៃតែងសេចក្តីទាំងមូល
    • ជាការទាញអារម្មណ៍អ្នកអានឱ្យផ្តោតលើប្រធានបទ។
  • ផ្តើមសេចក្តី ចែកចេញជាបីផ្នែក(លំនាំ ចំណូល ចំណោទ)

  1. លំនាំបញ្ហា គឺជាគំនិតទូទៅដែលទាក់ទងនឹងប្រធានបទ ។ ការសរសេរ ឬបង្កើត គំនិតទូទៅនេះ មិនមែនចេះតែសរសេរតាមការនឹកឃើញនោះទេ ពោលគឺត្រូវតែពាក់ព័ន្ធនឹងប្រធានបទ។ លំនាំបញ្ហាប្រៀបដូចជាការទាក់ទាញភ្ញៀវឱ្យស្គាល់ហាងលក់ទំនិញរបស់យើងដូច្នេះដែរ ដោយធ្វើយ៉ាងណាឱ្យភ្ញៀវដឹងថាយើងលក់ទំនិញអ្វី។
    ឧទាហរណ៍(ប្រធានបទប្រាជ្ញាជាអាវុធ)៖ ជាទូទៅ ជីវិតមនុស្សរមែងតែងជួបឧបសគ្គនៃជីវិត មានមនុស្សខ្លះសុខចិត្តចុះចាញ់ រីឯអ្នកខ្លះទៀតបានខិតខំពុះពារ ប្រើប្រាស់ប្រាជ្ញារបស់ពួកគេដើម្បីដោះស្រាយវិបត្តិ និងឧបសគ្គទាំងនោះ។
  2. ចំណូលបញ្ហា គឺយើងត្រូវទាញប្រធានបទចូលឱ្យកាន់តែជ្រៅ  ប្រៀបដូចជា យើងនាំភ្ញៀវឱ្យចូលនៅក្នុងហាងរបស់យើង ហើយបង្ហាញថាយើងមានទំនិញពិសេសអ្វីដែលត្រូវលក់។ នៅក្នុងចំណូលបញ្ហា យើងត្រូវប្រើឃ្លានសំនួនមួយចំនួនដើម្បីបង្ហាញថា យើងមកដល់ចំណូលបញ្ហាហើយ។ ឃ្លាសំនួននេះអាចសរសេរបានថា៖
    • ហេតុដូចនេះហើយ ទើបមានមតិមួយបានលើក ឡើងថា  “ប្រាជ្ញាជាអាវុធ”    ។
    • ដូច្នេះហើយទើបមានទស្សនៈមួយបានអះអាងថា …….។
  3. ចំណោទបញ្ហា គឺជាការចោទសួរចំពោះប្រធានបទ ហើយចម្លើយនៃចំណោទបញ្ហាត្រូវបង្ហាញនៅក្នុងតួសេចក្តី បានសេចក្តីថានៅពេលដែលយើងលើកជាសំណួរ នោះអ្នកអានរមែងចង់ដឹងចម្លើយ ដូច្នេះស្មេរត្រូវសរសេរយ៉ាងណាដើម្បីបង្ហាញចម្លើយនៃចំណោទបញ្ហា ដែលមានខ្លឹមសារទាក់ទងនឹងប្រធានបទ។
សំនួរនៃចំណោទបញ្ហាត្រូវប្រើប្រាស់តាមប្រភេទនៃប្រធាន
ប្រធានពន្យល់ ៖
  •  តើមតិលើកឡើងខាងលើ មានខ្លឹមសារដូចម្តេច ?
  • តើមតិទស្សនៈ  ប្រធាន ដែលលើកឡើងថា  ….. ……មានអត្ថន័យ យ៉ាងណាដែរ ?
ប្រធានពិភាក្សា ៖
  • តើការលើកឡើងរបស់ប្រធាន ត្រឹមត្រូវដែរឬទេ ?
  • តើមតិទស្សនៈប្រធានដែលអះអាងថា …………. ………សមហេតុ សមផលដែរឬយ៉ាងណា ?

២.តួសេចក្តី

ដើម្បីសរសេរតួសេចក្តីបាន ជាដំបូងយើងត្រូវសរសេរឃ្លាភ្ជាប់សេចក្តី(ដើម្បីជាទុនមុន…) ដោយធ្វើការពន្យល់លើពាក្្យ ឬឃ្លាមួយចំនួន បន្ទាប់មកសរុបន័យនៃពាក្យ ឬឃ្លាទាំងនោះ ដោយបង្ហាញប្រាប់អ្នកអានថាប្រធានចង់និយាយអំពីអ្វី(សរុបពន្យល់ពាក្យ រួចពន្យល់ពីប្រធាន)ជាមុន ដើម្បីឈានទៅធ្វើការបកស្រាយខ្លឹមសារប្រធានទាំងមូល
  • ឃ្លាភ្ជាប់សេចក្តី៖ ដើម្បីជាទុនមុនការបកស្រាយ យើងគប្បីយល់ ន័យនៃពាក្យគន្លឹះសំខាន់ៗជាមុនសិន ។
  • ពន្យល់ពាក្យ ឃ្លា ន័យប្រធាន៖ ពាក្យប្រាជ្ញា មានន័យថា បញ្ញាញាណ ឬភាពឈ្លាសវាងវៃ រីឯពាក្យ អាវុធ  វិញ មានន័យថា គ្រឿងប្រដាប់សម្រាប់ប្រយុទ្ធ ឬការពារខ្លួន។ តាមការបកស្រាយន័យនៃពាក្យគន្លឹះទាំងនេះរួចមកនេះ ប្រធាបទខាងលើមានន័យថា ភាពឈ្លាសវាងវៃគឺជាគ្រឿងប្រដាប់សម្រាប់ការពារខ្លួន ដើម្បីដោះស្រាយវិបត្តិនិងបញ្ហានានា
    • ប្រធានខ្លះ តំរូវអោយពន្យល់ឃ្លាថែមទៀត ដូចនេះក្រោយ ពីធ្វើការពន្យល់ពាក្យរួចហើយ យើងត្រូវពន្យល់ន័យនៃឃ្លា ជាមុនសិន មុននឹងឈានទៅពន្យល់បកស្រាយន័យប្រធាន ។
  • ឧទាហរណ៍៖
    • ប្រធានបទ “ប្រាជ្ញាជាអាវុធ” យើងត្រូវពន្យល់ពាក្យគន្លឹះ គឺ ពាក្យ ប្រាជ្ញា និងអាវុធ បន្ទាប់មកយើងបង្ហាញប្រាប់ថា ប្រធានមានន័យថា “ភាពឈ្លាសវៃជាគ្រឿងការពារឱ្យមនុស្សអាចដោះស្រាយបញ្ហា”ជាដើម។
    • រីឯប្រធានបទ “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ” យើងត្រូវពន្យល់ឃ្លា “នៅផ្ទះម្តាយទីទៃ” និងឃ្លា “ទៅព្រៃម្តាយតែមួយ”  រួចធ្វើការបង្ហាញថាប្រធានចង់និយាយពីអ្វី។
  • បកស្រាយប្រធាន៖ ការបកស្រាយប្រធាននេះ គឺមិនមែនត្រឹមតែប្រាប់អ្នកអានថាប្រធានមានន័យយ៉ាងណាប៉ុណ្នោះទេ តែស្មេរត្រូវបន្ថែមអំណះអំណាន ដោយលើកយកឧទាហរណ៍ពីក្នុងប្រវត្តិសាស្រ្ត ជីវភាពរស់នៅប្រចាំថ្ងៃ ឬនៅក្នុងអក្សរសិល្ប៍មកបង្ហាញ។ ឧទាហរណ៍ ប្រធានបទ “ប្រាជ្ញាជាអាវុធ” យើងអាចលើកយកជីវភាពរស់នៅប្រចាំថ្ងៃ អក្សរសិល្ប៍ឬរឿងព្រេងដូចជារឿងទន្សាយ និងខ្យង ឬលើកយកផ្នែកនៃប្រវត្តិសាស្រ្តណាមួយមកបកស្រាយបង្ហាញអំណះអំណានគាំទ្រការបកស្រាយប្រធានបទរបស់យើង។
    ចំណាំ៖ រាល់ការបកស្រាយប្រធានរួច ស្មេរត្រូវបូកសរុប ឬធ្វើសេចក្តីសន្និដ្ឋាននៅក្នុងតួសេចក្តីជាមុនសិន មុននឹងចូលដល់ការសេចក្តីសេចក្តីបញ្ចប់។
សម្រាប់ប្រធានពន្យល់ ៖ ការបកស្រាយត្រូវស្របតាមខ្លឹមសាររបស់ ប្រធាន ។ ការបកស្រាយក្នុងប្រធានពន្យល់ គឺគ្រាន់តែជាការ ពង្រីកខ្លឹមសារ អត្ថន័យ របស់ប្រធាន ដែលបានលើកឡើងតែប៉ុណ្ណោះ ដោយមិនតម្រូវឱ្យស្មេរធ្វើការវិភាគ រកហេតុផល ខុសត្រូវទេ។  យ៉ាងណាមិញ ដើម្បីឱ្យការបកស្រាយពង្រីកន័យនេះល្អ យើងអាចប្រើវិធីពន្លេចក្នុងគោលបំណងធ្វើអោយ អ្វីដែល យើងបានលើកឡើងមានភាពប្រាកដជាក់លាក់ និង ច្បាស់លាស់ ឡើង ដោយយើងត្រូវលើកយក ឃ្លា ល្បះឬកថាខ័ណ្ឌផ្សេងៗដោយមាន ឧទាហរណ៍សំរាប់គាំទ្រអំនះអំណានដោយដកស្រង់ចេញពីក្នុងប្រវត្តិសាស្រ្ត ជីវភាពរស់នៅប្រចាំថ្ងៃ ឬនៅក្នុងអក្សរសិល្ប៍មកបង្ហាញផង ។ បន្ទាប់ពីការបកស្រាយ ត្រូវបូកសរុប ដែលយើងនិយមហៅថា សរុបសេចក្តី ឬការសន្និដ្ឋាន។
ចំណែកឯប្រធានពិភាក្សាការបកស្រាយប្រធានចែកចេញជាពីរផ្នែក គឺ មតិស្រប, មតិផ្ទុយ និងសំយោគមតិ ។
  • មតិស្រប៖ បកស្រាយស្របតាមន័យប្រធាន ដោយលើកយក ឧទាហរណ៍  និង អំនះអំនាងគាំទ្រ ។ ក្រោយការបកស្រាយ ត្រូវធ្វើ ការបូកសរុបខ្លីមួយ ។
  • មតិផ្ទុយ៖ បកស្រាយផ្ទុយពីគំនិតប្រធានបទ ពោល គឺបកស្រាយ បញ្ជាក់បន្ថែមលើការខ្វះខាតក្នុងមតិស្រប។ ក្នុងការបកស្រាយ យើង ត្រូលើកយកឧទាហរណ៍ និង អំនះអំនាងគាំទ្រមកអះអាងបញ្ជាក់ ។ ក្រោយការបកស្រាយ ត្រូវធ្វើការបូកសុបខ្លីមួយ ។
  • សំយោគមតិ ឬ មតិពិភាក្សា៖ ក្រោយពីការបក ស្រាយមតិស្រប និង មតិផ្ទុយ រួចហើយ យើងត្រូវធ្វើ ការបូកសរុបដោយប្រើ សំយោគ មតិ ឬក៍មតិពិភាក្សា ។ក្នុងករណីដែលមតិស្រប និង មតិផ្ទុយត្រឹមត្រូវ ដូចគ្នា បំពេញអត្ថន័យអោយគ្នាទៅវិញទៅមក យើងប្រើសំយោគ មតិ  តែប្រសិនបើមតិទាំងពីរ មានមតិណាមួយមិនត្រឹមត្រូវ យើងត្រូវ ពិភាក្សាទាត់ចោលខ្លឹមសារមតិដែលពុំត្រឹមត្រូវនោះចោល ដោយប្រើ មតិពិភាក្សា ។
ក៍ប៉ុន្តែ ប្រសិនបើមតិទាំងពីរ ទាំងមតិស្របនិងបដិមតិ  ខុសទាំងពីរ នោះយើងត្រូវង្កើតគំនិតថ្មីមួយដែលត្រឹម  ត្រូវ ជំនួសមតិទាំងពីរ ។ 

៣.សេចក្តីបញ្ចប់

សេចក្តីបញ្ចប់ជាទីតាំងដែលអ្នកអានអាចដឹងថា សំណេររបស់យើងឈានដល់ចុងបញ្ចប់ហើយ ដោយស្មេរអាចធ្វើការសន្និដ្ឋាន, ការវាយតម្លៃប្រធាន, ការសរសេរសង្ខេបឡើងវិញពីចំណុចសំខាន់ដែលបានរៀបរាប់ខាងលើ ឬ បញ្ជាក់ឡើងវិញអំពីចំណូលបញ្ហាតែមិនប្រើប្រាស់ពាក្យច្រំដែល ដោយគួរគប្បីបន្ថែមគំនិតពិចារណ ឬទស្សនៈផ្ទាល់ខ្លួនដើម្បីឱ្យសំណេរកាន់តែមានអត្ថន័យ និងផ្តល់ឱ្យអ្នកអាននូវសារ ឬការចងចាំបន្ទាប់ពីអានអត្ថបទសំណេររបស់អ្នក។
  • សន្និដ្ឋាន ឬ វាយតំលៃប្រធានៈ ក្នុងប្រធានអត្ថាធិប្បាយពន្យល់ យើងប្រើការសន្និដ្ឋានទៅលើខ្លឹម សារប្រធាន ដើម្បីអោយដឹងថា តើប្រធានដែលបាន បកស្រាយរួច មកហើយនោះ មានអត្ថន័យ ខ្លឹមសារ យ៉ាង ដូចម្តេច?។ដោយឡែក សំរាប់ប្រធានអត្ថាធិប្បាយពិភាក្សាវិញយើងប្រើ ការវាយតំលៃ របស់ ប្រធាន ដើម្បីអោយបានដឹងថា តើប្រធានដែលបានលើកឡើងនោះ ត្រូវឬខុស ត្រឹមត្រូវឬក៍ពុំត្រឹមត្រូវ សមហេតុសមផលឬយ៉ាងណា។
  • ទស្សនៈផ្ទាល់ខ្លួន៖ ជាការយល់ឃើញផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ទាក់ទងទៅនឹង ខ្លឹមសារប្រធាន ។ ជាទូទៅ ទស្សនៈនេះគេតែងភ្ជាប់ទៅនឹង វប្បធម៌ សង្គម លទ្ឋិប្រជាធិបតេយ្យ និង សន្តិភាព ។

គម្រោងតែងសេចក្តី  ប្រធានពន្យល់

១.ផ្តើមសេចក្តី

  • លំនាំបញ្ហា ជាគំនិតទូទៅទាក់ទងនឹងប្រធាន ។
  • ចំណូលបញ្ហាជាការលើកឬទាញប្រធានចូល ។
  • ចំណោទបញ្ហាជាការចោទសួរ ។ ឧទាហរណ៍ ៖
ឧទាហរណ៍៖ តើប្រធានដែលលើកឡើងខាងលើមានខ្លឹមសារយ៉ាងដូចម្តេច ?
តើការលើកឡើងរបស់ប្រធានបទខាងលើ មានខ្លឹមសារដូចម្តេច?
តើមតិទស្សនៈប្រធាន ដែលលើកឡើងថា  ….. ……មានអត្ថន័យ យ៉ាងណាដែរ ?
តើមតិទស្សនៈប្រធាន ដែលបានអះអាងដូចខាងលើ នេះបាននផ្តល់នូវតំលៃអប់រំយ៉ាងណាខ្លះដល់កុលបុត្រ កុលធីតា ខ្មែរយើង?
តើ មតិទស្សនៈ ឬអំនះអំនាងនេះ មានអត្ថន័យ យ៉ាងណាដែរ ?

២.តួសេចក្តី

  • ឃ្លាភ្ជាប់សចក្តី
  • ពន្យល់ពាក្យ ឃ្លា ន័យប្រធាន
  • បកស្រាយប្រធាន៖ បកស្រាយ់គំនិតសំខាន់ៗ ដោយលើកឧទាហរណ៍ និង អំនះអំនាងគាំទ្រប្រធានបទ  ។
  • បូកសរុប ឬ សន្និដ្ឋាន  បូកសរុបខ្លឹមសារនៃគំនិត សំខាន់ៗ ដែលបានបកស្រាយរួចមកហើយ ។

៣.សេចក្តីបញ្ចប់

  • សន្និដ្ឋាន
  • ទស្សនៈផ្ទាល់ខ្លួន ។

Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments:

back to top