ប្រធានៈ មានទស្សនៈមួយពោលថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។ ចូរពន្យល់។
វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវីអ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដា្ឋនខ្លះបានលើកឡើងថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។
តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ?
ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយចំណោទបញ្ហារបស់ប្រធានខាងលើឲ្យកាន់តែជាលក្ខណៈពិស្តារប្រកបដោយខ្លឹមសារកាន់តែបានស៊ីជម្រៅមួយកម្រិតទេ្វឡើងទៀតនោះ គេចាំបាច់ត្រូវតែយល់ជាមុនសិននូវអត្ថន័យនៃពាក្យ “លក្ខណៈជាតិនៃអក្សរសិល្ប៍” , “ចារឹក” និង “អត្តសញ្ញាណជាតិខ្មែរ”។ ពាក្យថា “លក្ខណៈជាតិនៃអក្សរសិល្ប៍” គឺជាលក្ខណៈពិសេសរបស់ជាតិនីមួយៗលេចធ្លោខុសពីជាតិដទៃដែលស្តែងចេញតាមរយៈអក្សរសិល្ប៍។ ចំពោះពាក្យថា “ចារឹក” នោះគឺការសរសេរ ចារ កត់ត្រា បង្ហាញ។ ដោយឡែកពាក្យថា “អត្តសញ្ញាណជាតិខ្មែរ” បានដល់សញ្ញាដែលធ្វើឲ្យគេស្គាល់ពីខ្មែរ។ មតិដែលវិភាគឃើញដោយប្រធានខាងលើមានអត្ថន័យចង់និយាយថាគេអាចស្គាល់ជាតិខ្មែរបានដោយរំពឹងមើលទៅក្នុងលក្ខណៈជាតិរបស់អក្សរសិល្ប៍។
ជាមួយនឹងការសិក្សាចលនាអក្សរសិល្ប៍រួចមកហើយ បានជាមូលហេតុដែលធ្វើឲ្យស្រទាប់យុវវ័យខ្មែរអ្នកសិក្សាផ្តោតការយល់ឃើញរបស់ខ្លួនថា “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរ”។ ពិតដូចការលើកឡើងរបស់មតិខាងលើនេះមែន គេអាចស្គាល់ជាតិខ្មែរបានជាប្រត្យក្សតាមរយៈលក្ខណៈជាតិខ្មែរដែលគេកត់ត្រាឃើញក្នុងរឿងរ៉ាវអក្សរសិល្ប៍។ យ៉ាងណាមិញបើគេសិក្សារឿងភូមិតិរច្ឆាន គេនឹងបានស្គាល់ខ្មែរតាមរយៈជំនឿដែលជាទូទៅមនុស្សខ្មែរតែងតែជឿលើវត្ថុសក្តិសិទ្ធិ មានទម្លាប់ក្នុងការបន់ស្រន់ បួងសួងដូចនៅក្នុងរឿងភូមិតិរច្ឆាន គេឃើញថាពួកទាហានបារាំងដែលមានទាហានខ្លះជុះអាចម៍រាករូស គ្រុនក្តៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមិនគោរពវត្ថុសក្តិសិទ្ធិដែលនៅថែរក្សាវិហារព្រះកែវមរកត។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់គេឃើញថាមាននារីខ្លះដែលមានសង្សាចុះកប៉ាល់ទៅច្បាំងនៅស្រុកបារាំងបានលួចទៅបន់ស្រន់ព្រះអង្គដងកើឲ្យបារមីព្រះអង្គទៅជួយគាំពារ ធានាថែរក្សាសង្សាឲ្យឆាប់មកស្រុកខ្មែរវិញ។ ក្នុងរឿងដដែលនេះគេឃើញមនុស្សខ្មែរមានជំនឿលើអព្ភូតហេតុធម្មជាតិដូចបានបង្ហាញថាមានរន្ទះបាញ់ចេតិយព្រះវិហារព្រះកែវមរកតខាងត្បូង។ តាមជំនឿគេថាស្រុកនឹងកើតគ្រោះវឹកវរ ចលាចល ឬកើតមានហេតុទុរភិក្ស។ ដំណើររឿងបានបង្ហាញនូវជំនឿរបស់ខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងខណៈពេលដែលគេរត់ទៅពួននៅលើភ្នំតាបាំង អ្នកភូមិក្រាំងលាវបានយកដីនៅតាមក្រហែងថ្មមកបាចសាចលើក្បាលដើម្បីឲ្យព្រះធរណីជួយបិទបាំង កុំឲ្យបារាំងឃើញ។ បើគេនិយាយពីលក្ខណៈជាតិខ្មែរនោះគេពុំភ្លេចទាល់តែសោះឡើយថាខ្មែរគឺជាប្រជាជាតិមួយដែលមានទម្លាប់ជាទំនៀមក្នុងការចូលចែចូវ ចូលស្តីដណ្តឹងដូចជាសុវណ្ណដែលជាពោះម៉ាយកូនមួយបានឲ្យមេបាចាស់ទុំចូលទៅស្តីដណ្តឹងនាងតំ ក្រមុំសៅកែមកជាគូដណ្តឹង ជាប្រពន្ធទី២របស់ខ្លួនប៉ុន្តែបើគេមើលមកក្នុងរឿងទុំទាវ នោះគេនឹងឃើញពីលក្ខណៈជាតិរបស់ខ្មែរនៅសម័យលង្វែក គឺមនុស្សខ្មែរមានទម្លាប់របស់ខ្លួនមួយគឺថាបើអ្នកមានកូនប្រុសគេទម្លាប់ឲ្យចូលសាងផ្នួស។ បើបួសជាសាមណេរដូចនេនទុំ និងនេនពេជ្រគឺបួសដើម្បីសងគុណម្តាយ តែបើបួសជាភិក្ខុគឺបួសដើម្បីសងគុណឪពុក។ បើនិយាយពីរឿងជំនឿវិញ គេឃើញថាខ្មែរនាសម័យលង្វែកនិយមជឿលើមន្តអាគម អូមអាមដូចនាយទុំទៅស្មូត្រនៅផ្ទះម្តាយទាវបានដាក់មន្តសារិកាលិនថោងឲ្យពិរោះក្រអួនដើម្បីទាក់ទាញអ្នកស្តាប់ឲ្យចេះតែចូលចិត្តស្តាប់។ ដោយឡែកចំណែកអ្នកមានកូនស្រី ដូចករណីម្តាយទាវតែងទម្លាប់ឲ្យកូនស្រីចូលម្លប់។ បើគេរំពឹងសំលឹងមើលមកក្នុងវិស័យជំនឿ គេឃើញមនុស្សសម័យលង្វែកនិយមជឿលើមន្តអាគមផង ជឿលើការទស្សទាយផងដូចព្រះគ្រូចៅអធិការវត្តវិហារធំ មុនពេលឲ្យទុំលាចាកសិក្ខាបទ លោកគ្រូបានទាញក្តារ ទាញដីសមកគូសវៀសលេខអត្តមើលជោគជតារាសីជាមុនសិន។សិក្សាអំពីប្រពៃណីឃើញថាសង្គមខ្មែរសម័យលង្វែកមានប្រពៃណីជាក់លាក់របស់ខ្លួនដោយអនុវត្តតាមទស្សនៈ “នំមិនធំជាងនាឡិ” ដែលមាតាបិតាដែលមានកូនប្រុសកូនស្រីមិនផ្តល់សិទ្ធិស្វ័យសម្រេចឲ្យកូនៗនោះទេ គឺឪពុកម្តាយជាអ្នកសម្រចអ្វីៗគ្រប់យ៉ាង។ ទំនៀមទម្លាប់នោះក៏ដូចជាសម័យបច្ចុប្បន្នដែរគឺកូនប្រុសត្រូវតែចុលខ្លួនទៅរៀបការនៅផ្ទះខាងកូនស្រី ដូចករណីម៉ឺនងួនត្រូវរៀបការជាមួយនឹងនាងទាវនៅផ្ទះខាងស្រី។ ចំពោះសាសនាវិញគេឃើញសង្គមខ្មែរសម័យលង្វែកផ្តោតជំនឿលើព្រះពុទ្ធសាសនានិកាយហិនយានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ពុទ្ធសាសនានេះដែរ។
ដូចនេះបើនិយាយឲ្យខ្លីក្នុងអត្ថន័យជាសរុបសេចក្តីមកឃើញថាតាមរយៈលក្ខណៈជាតិខ្មែរដែលកវីនិពន្ធបានកត់ត្រាក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរនានាសុទ្ធសឹងតែជាសញ្ញាសំគាល់ឲ្យគេស្គាល់មនុស្សខ្មែរបានដោយងាយ។
យោងតាមបណ្តាហេតុផលដែលបានលើកបង្ហាញរួចហើយខាងលើ អាចឲ្យយើងធ្វើការវិនិច្ឆ័យ វាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតជាមានអត្ថន័យត្រឹមត្រូវសមស្របដែលយើងអាចទទួលបានដោយហេតុថាអក្សរសិល្ប៍ខ្មែរមានសារៈសំខាន់ដូចខាងលើទើបតម្រូវឲ្យយុវសិក្ខាកាមជនលើកស្ទួយវប្បធម៌ អក្សរសាស្ត្រសីលធម៌ដូចជា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។
តែងសេចក្តីខ្មែរនឹងផ្សាយនូវកម្រងតែងសេចក្តីនានាសម្រាប់ជាជំនួយដល់អ្នកសិក្សាទាំងឡាយស្វែងយល់នូវរបៀបសរសេរតែងសេចក្តី និងបង្ហាញពីគំនិតនានាទាក់ទងនឹងការសង្គម អក្សរសិល្ប៏ ព្រមទាំងប្រវត្តិសាស្រ្តដើម្បីជាជំនួយផ្នែកស្មារតី ព្រមទាំងបំផុសនូវគំនិតរបស់អ្នកសិក្សាទាំងឡាយឲ្យកាន់តែទូលំទូលាយថែមទៀត។ មិនតែប៉ុណ្ណោះតែងសេចក្តីខ្មែរនឹងចូលរួមចំណែកកសាងនូវការពង្រីកចំណេះដឹងផ្នែកតែងសេចក្តីនេះដល់អ្នកសិក្សាដើម្បីអាចសរសេរតែងសេចក្តីឲ្យកាន់តែល្អប្រសើរផងដែរ។
Saturday, March 24, 2018
Browse: Home
Posted by Unknown |  at 3:25 AM
No comments
Tags:
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
Subscribe to:
Post Comments (Atom)
Text Widget
Blog Archive
-
▼
2018
(13)
-
▼
March
(13)
- ប្រធាន៖ ឆ្លងកាត់បទពិសោធនៃការរស់កន្លងមក មានមនុស្សជ...
- ប្រធានៈ ចូរអ្នកធ្វើការប្រៀបធៀបពុទ្ធសាសនា និង ព្រហ្...
- ប្រធានៈ មានមតិមួយយល់ថា « ប្រទេសអាប់ឱនព្រោះតែអំពើពុ...
- ប្រធានៈ គេថា "នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គ...
- ប្រធានៈ មានទស្សនៈមួយពោលថា៖ “លក្ខណៈជាតិនៃអក្សរសិល្...
- តែងសេចក្តី
- តែងសេចក្តី
- តែងសេចក្តី
- រឿងកុលាបប៉ៃលិន
- រឿងទុំទាវ
- រឿងតេជោយ៉ត
- រឿងព្រះវេស្សន្តរ
- ប្រធានៈចូរអធិប្បាយអំពីលក្ខណៈស្នេហារបស់ទុំទាវ ព្រមទ...
-
▼
March
(13)
Blogger templates. Proudly Powered by Blogger.
0 comments: